ក * កកក៏បាយ មេម៉ាយក៏ស្រី។ * ក្រអ្វីក្រចុះកុំឲ្យតែក្រគំនិត។ * ក្រមុំដណ្ដឹងម្ដាយ​មេម៉ាយដណ្ដឹងចិត្ត។ * ក្រពើវង្វេងបឹង។ * កាត់ទឹកមិនដាច់ ​កាត់សាច់វាឈឺ។ * កាប់បំពង​រង់ចាំទឹកភ្លៀង។ * ការប៉ុនភ្នំមិនគិត​ទៅគិតឯស្គរបែកមាត់។ * ការ​មិន​បៀត​បៀន​គ្នា ជា​ប្រភព​នៃ​សន្តិសុខ​ក្នុង​​ផ្ទៃ​លោក។(ព្រះ​ធម្មវរោត្តម តុង​ ឈួន) * ការ​អប់រំ គឺ​ជាការ​ហ្វឹក​ហ្វឺន​នួវ​សក្តានុភាព​ ដែល​ជា​គ្រឿង​ពង្រីក​បណ្តុះ​ ឬ បង្កើន​ចំណេះ​វិជ្ជា។ * ការយល់ដឹងតែមួយដងអាចធ្វើឲ្យជីវិតទាំងមូលមានន័យ។ * ការធ្វើវិនិយោគចំណេះដឹងតែងនាំមកនូវផលប្រយោជន៍ដ៏ប្រសើរបំផុត។ * កោកៗ​សឹកតែមាត់ត្រដោក​ឆ្អែតតែពោះក្របី។ * កោសមិនដាក់ទឹក។ * ក្ដៅថ្ងៃមិនស្មើក្ដៅចិត្ត។ * ក្ដៅស៊ីរាក់​ត្រជាក់ស៊ីជ្រៅ។ * កំភ្លាញព្រោះមាត់​ខ្វែក ស្លាប់ព្រោះអាចម៏។ * កំហុស​រមែង​មាន​ដល់​អ្នក​ធ្វើ អ្នក​នៅ​ឥត​អំពើ​បាន​អ្វី​នឹង​ខុស។ * កុំខ្វើកតាមខ្យល់កុំខ្វល់តាមរលក។ * កុំគូរមុន​គិត។ * កុំ​ជិះ​ចង្អេរ​លើក​ខ្លួន​ឯង​ ក្បាល​ទូល​កញ្ច្រែង​កុំ​ក្អេង​ក្អាង​ កុំ​ដេក​ទទូរ​ចាំ​សំណាង​ កុំអាង​ព្រះ​ប្រោស​ត្រូវតែ​ប្រឹង។ * កុំឈ្លោះនឹងស្រី​ កុំក្ដីនឹងគ្នាឯង។ * កុំដេកផ្សងព្រេង​កុំវង្វេងខុសផ្លូវ។ * កុំដេក​ចាំ​ស្លាប់​ អង្គុយ​ចាំមាន​ ខ្មាស់​ល្ងង់ទើប​ចេះ ខ្មាស់​ក្រទើប​មាន ដឹង​ខ្លួនថា​ល្ងង់ គង់បានជា​ប្រាជ្ញ កុំ​ស្លាប់​មុន​រស់ រស់​ហើយ​សឹម​ស្លាប់ ចូរ​សេព​អ្នកប្រាជ្ញ កុំ​ត្រាប់​មនុស្សពាល។ (ព្រះ​គ្រូ​ធម្ម​បណ្ឌិត​ គង់ ស៊ឹម) * កុំដាំស្រូវនៅផ្លូវដំរី។ * កុំទុកចិត្ត​មេឃ​កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសាហាយ​ កុំទុកចិត្តម្ដាយថាគ្មានបំណុល។ * កុំទុំមុនស្រគាល។ * កុំផ្ទុកតាមទូកថ្វែ។ * កុំពត់ស្រឡៅ​ កុំប្រដៅស្រីខូច។ * កុំពាក់មុខយក្ស​ កុំពាក់ស្បែកខ្លា។ * កុំពូតផ្សែងជាដុំ ​កុំយកភ្នំទ្រាប់អង្គុយ។ * កុំយកស្រឡៅធ្វើខ្នួច ​កុំសម្រួចឈើពុក។ * កុំរាយមុខដឹង ​កុំទទឹងមុខសឹក។ * កុំ​​រៀន​នៅ​ទំនេរ​ខាត​ការកម្ម កុំ​រៀន​បណ្តាក់ចាំ​ជាពេល​ក្រោយ​ កុំរៀន​ប្រហែស​មើល​ងាយ​នាំ​ធ្លោយ​ កុំរៀន​មិន​អោយ​ទាន​ស្មូម​យាចក។ * កុំ​អាង​ថា បើ​មាន​មិន​បាច់​ខំ​ បើ​រលំ​មិន​បាច់​ច្រាន។ * កុំ​អោយ​ប្រព្រឹត្តទុច្ចរិត ដោយ​ការគប់មិត្រ​លប​ចង​ពន្ធ​ លួច​លាក់​មាន​ស្រី​សហាយស្មន់ ក្បត់​ចិត្តប្រពន្ធ​អោយ​មួរ​ហ្មង។ ខ * ខ្ពស់កប់ពពក ​ចុះមកជ្រកអាចម៏ជន្លេន។ * ខ្លាមិនខ្លាច ទៅខ្លាចអាចម៏ខ្លា។ * ខឹងខុស​ខឹងខាត​ខឹងខូច។ * ខឹង​ខុស​ខូចខាត​ ប្រមាថ​លិចលង់។ * ខឹងគោវាយរទេះ។ * ខឹងឲ្យអត់ ខ្សត់ឲ្យរក។ * ខឹង​ឥត​ពិចារណា​ នាំ​ខូច​ការ​ខូច​ប្រយោជន៍ ធម៌ខឹង​នាំអាសោចិ ខុស​ខាត​ខូច​ដោយមិន​គិត។ * ខ្លួនរស់ របស់រកបាន។ * ខ្មោចស្រុកឲ្យដៃ​ ខ្មោចព្រៃវាហ៊ាន។ * ខំ​រក​ស៊ី​ធ្វើ​ការ​ មិនអសារឥតប្រយោជន៍ ចង្រៃ​ណាស់​ហោច​គង់គ្រប់ស៊ី​មិន​សុំគេ។ ប្រសិនមាន​សំណាង​ បានកសាង​ពី​បុព្វេ ផ្សំ​ផង​មិនលេង​ទេ ឡើង​ជាកុដុម្ពិ​ក៏សេដ្ឋី។ គ * គ្មាន​កម្លាំង​ គ្មាន​បញ្ញា គ្មាន​អាហារ​ គ្មាន​ជិវិត។ * គ្នាច្រើនអន្សមខ្លោច ​គ្នាដូចស្រមោចអន្សមឆៅ។ * គុក​និង​សោគឺ​ចោរ​បង្កើត ឪសថល្អ​ឆើត​កើត​ពី​រោគ ដំណក​កើត​ពី​ការ​ងុយងោក មនុស្ស​ក្នុង​លោក​កើត​ពី​កម្ម។ * គ្រូកាចសិស្សខូច។ * គ្រូទាយម្តាយថា។ * គួរ​គិត​ជិវិត​ពុំ​ទៀង​ទាត់​ តែង​តែ​បែរ​បត់​កាន់​ក្តី​ស្លាប់ ពុំ​ដែល​បាន​ស្រួល​ប្រែ​ប្រួល​ឆាប់ ក្រឡាប់ស្ងាត់សូន្យ​ចាកកូន​ចៅ។ * គោដំបៅខ្នង​ ក្អែកហើររំលង​រសាយកន្ទុយ។ ឃ * ឃាត់​កំហឹង​ដោយ​ប្រឹង​អត់​អោយ​បាន​ ឃាត់​ពាល​សាមាន្យ​ដោយ​អាជ្ញាបុគ្គល​ ឃាត់​ចិត្ត​ចាកទោសា ប្រសើរ​ថ្លៃ​ថ្លា​ក្នុង​លោកិយ។ * ឃាត់​ចិត្ត​ចាកក្តី​ស្នេហា ក្នុង​កាមតណ្ហានា​លោកិយ ដូច​យក​អំបោះ​ចង​ដំរី​ ពិបាក​ពេក​ក្រៃ​គួរ​វៀរ​មុន។ * ឃ្លាតឆ្ងាយណាយចិត្ត។ * ឃ្លានឆ្ងាញ់ស្រលាញ់ល្អ។ * ឃុបឃិត​ជន​ពាល​រាល​ទុក្ខ​ដល់ខ្លួន។ * ឃុប​ឃិត​បណ្ឌិត​ សុខ​មួយ​ជិវិត​ឥតទុក្ខា​។ * ឃើញ​ខ្លា​ដេក​ថា​ខ្លា​ស្លាប់ ឃើញ​ខ្លា​ក្រាប​ថា​ខ្លា​សំពះ។ * ឃើញ​គេ​ទៅ​កុំ​អោយ​ខាន ឃើញ​គេ​បាន​កុំ​អោយ​ទៅ។ * ឃើញ​ឈើ​ពុក​កុំ​អាល​ដាក់​គូថ​អង្គុយ ឬ(កុំ​អាល​ដាក់​គូថ​លើ)។ * ឃើញ​ដំរី​ជុះ​ កុំ​ជុះ​តាម​ដំរី ឬ(ដំរី​ជុះ​ កុំ​ជុះ​តាម​ដំរី)។ * ឃើញ​ថ្លុក​ថាជា​ថ្នល់ ក្រែង​កំហល់​កំហុស​មាន។ * ឃើញ​ពីនាយ​កុំ​អាល​ទាយ​អាក្រក់​ល្អ លុះ​ឃើញ​ជាក់ជា​ខ្មៅ​ស ទើបថាបាន​ បើ​បណ្តោយ​តាម​គំនិត​ដែល​គិត​ស្មាន​ នឹង​រំខាន​ព្រោះ​ការ​ខុស​កំហុស​ខ្លួន។ * ឃើញ​សម្បក​ថា​ខ្លឹម​រុក្ខា​ យល់​ពួក​បច្ចា​ថា​ជាមិត្រ​ ពាល​ប្រឡំ​ថា​បណ្ឌិត​ ច្រឡំ​លាមក​ពិតថាបុប្ផា។ * ឃ្លាន​កុំអាល​ស៊ី ងងុយ​កុំ​អាល​ដេក។ * ឃ្លាន​ក្រៃ​ណា​ឆ្ងាញ់​ ស្រឡាញ់​ក្រៃ​ណា​ល្អ ឬ (ពិសា​ក្រៃ​ណា​នឹង​ឃ្លាន អាក្រក់ប៉ុន្មាន​ក្រៃ​ណា​នឹង​ចិត្ត)។ * ឃ្លេ​មិន​ខ្លាច​ ទៅ​ខ្លាចខ្លា។ (រឿង​អាខ្វាក់​អាខ្វិន) * ឃ្លោក​លិច​ អម្បែង​អណ្តែត។ * ឃ្វាលក្របី​ជិះ​ក្របី ឃ្វាលគោ​ជិះ​គោ។ * ឃ្វាលចិត្ត​លំបាក​ពេក​ពិត​ ដូចឃ្វាលពពក។ * ឃ្វាលគោ​ក្របី​ដោយ​អាជ្ញា ឃ្វាល​ចិត្តល្អ​ជា​ដោយ​អំណត់។ * ឃ្វាល​ចិត្ត​ឥត​កំណាញ់​ ដោយ​លះ​បង់​កុំ​ប្រណី។ * ឃ្វាល​នគរ​ដោយ​ពលរដ្ឋ​ប្រុសស្រី រួម​សាមគ្គី​តាម​រដ្ឋ​បុរស​ជាតិ។ ង * ងប់​នឹង​កូន​ប្រពន្ធ​ទ្រព្យ​ ព្រះ​ថា​អភ័ព្វ​ព្រោះ​ជាប់​ចំណង។ * ងប់​នឹង​ញាតិ​ឃ្លាត​ច្បាប់។ * ងប់​នឹង​មាស​ប្រាក់​ខូច​យសសក្តា។ * ងប់​នឹង​ប្រុ​ស​ខូច​ព្រហ្មចារី។ * ងប់នឹងប្រុស ខូចឈ្មោះមួយជាតិ។ * ងប់​នឹង​ស្រី​ចំណី​ទុក្ខ។ * ងប់នឹង​ល្បែង​តែង​ហិនហោច។ * ងប់នឹងល្បែង​តែងវិនាស។ * ងប់នឹង​ស្រា​ខូច​ស្មារតី។ * ងប់​នឹង​ពាក្យ​សរសើរ​គេ​ថា​ភ្លើ។ * ងប់នឹង​ពាក្យ​បង្អាប់​ស្លាប់​គំនិត។ * ងប់​នឹង​ស័ក្តិយស​ស្អុយ​ទាំង​អស់​ក្នុង​លោកិយ។ * ងប់នឹង​ជំនឿ​រឿគំនិត។ * ងាប់​ដើម្បី​ជាតិ​មាតុភូមិ ទេវតា​ឥន្ទ្រព្រហ្ម​ចោមអោយ​ពរ។ * ងាប់​ខ្លួន​ សមសួន​ជាង​ងាប់​កេរ្តិ៍​ឈ្មោះ។ * ងាប់​គំនិត​ ងងឹត​ដល់ស្លាប់។ * ងាប់​ទាំង​រស់ ស្អុយ​ទាំង​ស្រស់។ * ងា​ប់ដៃ​ជើង​ ថ្កើង​ជាង​ងាប់​ពាក្យសម្តី។ * ងាប់នឹង​ស្រី​ ចង្រៃ​មួយ​ជាតិ។ * ងាប់​នឹង​សំដី ដូច​ត្រី​កំភ្លាញ។ * ងា​ប់នឹង​អាចម៍​ឯង​ ជាក់​ស្តែង​ដូច​ខ្វែក។ * ងាប់​ព្រោះ​គំនិត ​ដូច​កាំ​បិត​ចិត​ដង​ឯង។ * ងា​ប់​ជាតិ​ ព្រោះ​ឃ្លាត​សាមគ្គី។ * ងាប់នយោបាយ​ ព្រោះ​ស្តាយ​លាភ។ * ងាប់​ស្តួក​ ដូច​ឃ្លោក​ទុំ។ * ងាយ​មិន​ក្រៃ​ណា​នឹង​បាន​ មានមិនក្រៃ​ណានឹង​អ្នក​បាន​សុខ​ ចេះ​ក្តី​មិន​ក្រៃ​ណា​នឹង​ម្ចាស់​ស្រុក។ * ងើយ(ឬ ងើប)​ស្កក​ ឪនដាក់គ្រាប់។ ច * ចង់ឲ្យមានជួញអង្ករ​ចង់ឲ្យក្រជួញឡាន។ * ចង់ចេះឲ្យធ្វើល្ងង់។ * ចង់ស្រួចដូចបន្លា ត្រូវឧស្សាហ៍ដុសដែកដុល។ * ច្របាច់កចិន លៀនអណ្តាតខែ្មរ។ * ចម្ងល់គឺជាបិតានៃការចៃ្នប្រឌិត។ * ចម្ងល់គឺជាការចាប់ផ្តើមមិនមែនជាចុងបញ្ចប់នៃបញ្ញាទេ។ * ចង្អៀតផ្ទះនៅបាន ចង្អៀតចិត្តនៅពុំបាន។ * ចាក់អង្ករយកអង្កាម។ * ចានមួយរាវ លែងអីរណ្តំគ្នា។ * ចាញ់ចត្រង្គអស់ប្រាជ្ញា ចាញ់តណ្ហា​អស់កុសល។ * ចាញ់បានជាព្រះ ឈ្នះបានជាមារ។ * ចាប់ក្ដាមដាក់ចង្អេរ។ * ចាប់នេះចាប់នោះ មិនឆ្ពោះត្រង់ណា។ * ចាប់ច្រវាក្រាក សំឡឹងជ្រោយ។ * ចាប់ត្រីបាន កុំឲ្យល្អក់ទឹក។ * ចាប់វល្លិមួយ រញ្ជួយរាល់ដើម។ * ចាស់អាងស្លាប់ ពាលអាងកាប់ កេ្មងអាងយំ។ * ចិត្តល្អ ក្រខ្លួន។ * ចិត្តល្អ ក្រមិនយូរ។ * ចិត្តជាទេវវត្ត មាត់ជាទេវតា។ * ចិញ្ចឹមកូនខ្លា វាសងគុណ។ * ចិញ្ចឹមមនុស្សខូច ដូចចិញ្ចឹមខ្លា។ * ចូលព្រៃទាន់ព្រឹក ​ចង់សឹកទាន់ក្មេង។ * ចូលស្ទឹងតាមបទ ​ចូលស្រុកតាមប្រទេស។ * ចូរមើលកាលវែង កុំមើលកាលខ្លី។ * ចូរសេពអ្នកប្រាជ្ញ កុំត្រាប់មនុស្សពាល។ * ចេះដប់មិនស្មើប្រសប់មួយ។ * ចេះឯង ឲ្យក្រែងចេះគេ។ * ចេះពីរៀន មានពីរក ក្រពីខ្ជិល។ * ចេះមកពីរៀន​ មានមកពីរក។ * ចំណេះបានពីរៀន មានបានមកពីរក។ * ចំណីឆ្ងាញ់កុំទុកស្អែក។ * ចុះទឹកក្រពើ ឡើងលើខ្លា។ ឆ * ឆ្មាមិននៅ កណ្តុរឡើងរាជ្យ។ * ឆ្ងាយកាយ ណាយចិត្ត។ * ឆ្ងាញ់មាត់មិនស្អិត ដូចចិត្តឆ្ងាញ់។ * ឆ្អិនគំនិតពិតជាឆ្អិនគ្រប់យ៉ាងឆ្អិន ព្រេងសំណាងផុតទុក្ខា។ * ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ។ * ឆែ្កខាំឲ្យរកម្ចាស់ គោឆ្កឹះឲ្យរកនាយ។ * ឆ្កែខាំ​កុំខាំឆ្កែវិញ។ * ឆែ្កទាល់ច្រក រលកទាល់ច្រាំង។ * ឆែ្កព្រូសមិនដែលខាំ ផ្គរលាន់រអាំមិនដែលភ្លៀង។ * ឆ្នាំងណាគ្របនឹង។ * ឆ្លុះកញ្ចក់ ធេ្មចនេត្រា។ ជ * ជក់នឹងលែ្បង តែងវិនាស។ * ជាការងាយក្នុងការធើ្វការងារមួយបានល្អ ជាងពន្យល់គេពីរបៀបធ្វើការងារនោះ។ * ជាតិទាពូជទាប ចង់នៅទីរាប មិនចង់ឡើងធ្នើរ។ * ជាងទងស៊ីរងកំបែក​ ជាងដែកស៊ីហែកនឹងដៃ។ * ជាងមិនកើតបន្ទោសដែក។ * ជ្រងោប៉ុនគល់ មិនយល់ប៉ុនសក់។ * ជ្រាយរអៀច ដូចបបរឈ្មោល។ * ជ្រូកស្លាប់ ព្រោះសាច់។ * ជួញខាតកុំឈប់ខាន បើចង់បានកុំខ្លាចបង់។ * ជំពប់ជើងគង់បាក់ ជំពប់មាត់បង់ប្រាក់។ * ជ្រើមដូចមហាត។ * ជ្រៃលោមស្រឡៅ ត្រាវលោមបឹង។ * ជ្រៅដូច ក្តិតចាន។ * ជ្រៅតែមាត់ គំនិតរាក់កំផែល។ * ជ្រះថ្លាតែមាត់ ចិត្តស្មូរជន។ * ជិះក្របីចម្លងភក់ ស្រណុកជាជាងហែល។ ឈ * ឈាមស្រែក​ស្បែកហៅ។ * ឈឺធ្ងន់យកដំរីទៅបន់ ដល់ជំងឺស្រន់យកពងមាន់ទៅថ្វាយ។ * ឈឺជើងធាត់ ឈឺមាត់ស្គម។ * ឈើពុក កុំដាក់គូថលើ។ * ឈើកោងវល្លិព័ទ្ធ​ មនុស្សខ្ចាត់ភ្លាត់កុំយកខ្លួនបៀត។ * ឈ្មោះខ្លួនបែបណា ខំធ្វើការឲ្យដូចឈ្មោះ។ * ឈ្លោះនឹងស្រីនាំឲ្យហិន ក្តីនឹងចិននាំឲ្យថោក។ * ឈ្លោះនឹងបរទេស កុំធេ្វសគំនិត។ ញ * ញ៉ាមដូចក្តាម ស៊ីអាចម៍។ * ញាតិផ្ទាល់ បើមិនស្គាល់គឺអ្នកដទៃ។ * ញាតិនិងមិត្រ បើញាតិមិនគិត មិត្រប្រសើរជាង។ * ញៀននឹងស្រីចំណីទុក្ខ។ * ញៀននឹងលែ្បងតែងហិនហោច។ * ញៀននឹងបៀប៉ោ អស់ខោអស់អាវ។ * ញៀននឹងបៀ គឃៀរស្លៀកពាង។ * ញៀននឹងលាភ ថោកទាបដូចសត្វ។ * ញៀននឹងស្រា ដេកផ្ងាក្នុងផ្លូវ។ * ញៀននឹងលែ្បងតែងបង់យស។ ដ * ដល់ត្រើយ សើយគូថ។ * ដង្កូវចេញពីសាច់ ច្រែះចេញពីដែក។ * ដាក់ទុកកូនចៅ ឲ្យមើលផៅសន្តាន។ * ដឹកគោញី បន្សីគោលឈ្មោល។ * ដឹងឆ្លើយព្រោះដង កូនឆ្គងព្រោះមេបា។ * ដឹងរង្គោះ បោះបណ្តោយ។ * ដឹងថាខ្លួនល្ងង់ គង់បានជាប្រាជ្ញ។ * ដឹងបាំងតាមសាប់ ច្បាប់កាត់តាមពាក្យ។ * ដុតឲ្យខ្លោច រោចឲ្យឆៅ។ * ដូចដេកផ្ងាស្តោះដាក់ទ្រូងឯង។ * ដូច(ជាគេ)អូសឆែ្កឲ្យចុះទឹក។ * ដូចខ្វៀនកន្ទុយឆែ្ក ទោះនៅប្រែពត់ពុំត្រង់។ * ដូចក្រពើ វងេ្វងបឹង។ * ដួលត្មោល ដូចគ្មានអីទប់។ * ដួលមិនបាច់ច្រាន បានមិនបាច់ខំ។ * ដើមនៅឯស្រែ ផែ្លនៅឯផ្សារ។ * ដើរដោយផ្លូវគន្លង តម្រាយអ្នកចាស់បុរាណ។ * ដើរឲ្យរំពៃ អង្គុយឲ្យរំពឹង។ * ដើរឲ្យមានបី ស្រដីឲ្យមានបួន។ * ដើម្បីធើ្វរឿងធំមួយត្រូវគិតជាមុនសិនចាំធ្វើជាក្រោយ។ * ដេកយប់កុំដេកយូរ ខ្លាចក្តីទុជ៌‌នដល់ប្រាណ។ * ដេកមិនលក់កុំខំដេក។ * ដេកដល់ថៃ្ង នាំចង្រៃខ្លួន។ * ដេកផ្ងាស្តោះលើទ្រូងឯង។ * ដេកលើភ្លៅ ទៅបៅដោះអ្នកដទៃ។ * ដេកយប់ កុំនិយាយនឹងស្រី។ * ដេកទាល់ថៃ្ង យកកំជិលដែលគេ។ * ដេកមិនលក់ បក់មិនល្អើយ។ * ដេកផ្សំដួល រមួលផ្សំគ្រេច។ * ដេញទាន់កុំជាន់កែង។ * ដៃតូច ខ្លួនទាប ចង់ឈោងចាប់ផ្កាយ។ * ដៃភ្លើងជើងមាន់។ * ដាំដូងឲ្យខំថែ ចង់ស៊ីផែ្លឲ្យដុតគល់។ * ដាំជើងក្រាន​ មិនប្រមាណឆ្នាំង។ * ដំរីខ្វាក់ ទ្រមាក់ឆ្កួត។ * ដំរីជល់គ្នា ​ងាប់ស្មៅចិញ្ចៀន។ * ដំរីសាស្លាប់ ​យកចង្អេរបាំង។ * ដំបៅ​មិន​ឈឺ យកឈើទៅចាក់។ * ដោះស្រាយប្រស្នា ថ្កើងអ្នកប្រាជ្ញ។ * ដោះកនែ្ទក អារឹសកូន។ ឋ * ឋិតនៅក្នុងសេចក្តីប្រមាទ ឈ្មោះថាស្លាប់។ ឌ * ឌម​ជន​គឺ​អ្នក​ថោក អាច​ប្រែក្លាយ​ភាព​ជា​ខ្ពង់​ខ្ពស់ ដោយ​ការ​សេពគប់​នឹង​សប្បុរស ដង្កូវ​បាន​ខ្ពស់​ព្រោះ​បុប្ផា។ ឍ * ឍាលិន​ប្រែ​ថា​អ្នក​កាន់​ខែល​ ចេះកាប់​ប្រហែល​ចេះ​ការពារ​ ដូច​អ្នក​ចេះ​ដឹង​មិន​ខ្លាច​រា ឧបស័គ្គនានា​ការពារ​បាន។ ខែល​និង​អាវុធ​គឺ​វិជ្ជា​ នៃ​ប្រុស​និង​នារីគ្រប់​ប្រាណ ដែល​បាន​រៀន​សូត្រ​យ៉ាង​ចំណាន ក្នុង​ភូមិភព​ឋាននា​លោកិយ។ ណ * ណាយកាយ ឆ្ងាយចិត្ត។ * ណែនាំខុសផ្លូវ តែងទៅអបាយមុខ។ * ណែនាំកូន ត្រូវប្រដៅខ្លួនទុកជាគំរូ។ ត * តសំពៅ មិនត្រូវស្តាយដែក។ * តវាសនា ឲ្យខំសន្សំបុណ្យ។ * តដងរែក ឲ្យល្មមនឹងស្មា។ * តកម្លាំងអោយសេពអាហារ។ * តក់ៗពេញបំពង់។ * តមមេស៊ីពង ស៊ីរងសម្បុក។ * ត្រង់ មិនឈ្នះទាល់។ * ត្រីឆ្តោរស៊ីកូនឯង។ * ត្រីងៀត ឆ្លៀតពង។ * ត្រីមួយត្រកតែស្អុយមួយ ស្អុយទាំងអស់។ * តឹងគិតឲ្យធូរ យូរគិតឲ្យឆាប់។ * តឹងព្អឹះដូចអូសឫស្សីច្រាសចុង។ * ត្រឹកៗដល់ផ្ទះ តូងតាងដេកផ្លូវ។ * ត្រកូលសជាតិ មាយាទសពូជ។ * ត្រួសត្រាយទុក ស្រណុកជាងកែកុន។ * ត្រូវសន្សំទ្រព្យ តិចៗត្រឡប់ ចំរើនធាត់ធំ។ * តៀ្រមទុកមុន មិនស្កុនការ។ * ត្រេកអរមុន ទុក្ខក្រោយ។ ថ * ថយយស ព្រោះព្រហើន។ * ថិតថេរតែខ្លួន ចិត្តផ្ទួនតែទុក្ខ។ * ថោកអីនៅដៃថៃ្លអីនៅមាត់។ ទ * ទម្ពក់វាទៅ​ ទើបព្នៅវាមក។ * ទ្រព្យច្រើនព្រួយរក្សា ទ្រព្យតិចណាព្រួយរិះរក។ * ទ្រព្យធនទោះថោកថៃ្ល រួមរក្សាកុំបីធ្លោយ។ * ទនេ្លដប់ មិនស្កប់សមុទ្រមួយ។ * ទឹកថ្លាល្គឹកបើល្អក់ ដ្បិតរលកបោកសោះសា។ * ទឹកជន់ បុណ្យសេ្តច ។ * ទឹករាក់ត្រឹមភ្លៅ ទឹកជ្រៅ ត្រឹមជង្គង់។ * ទឹកត្រជាក់ត្រីកុម ទឹកក្តៅត្រីរត់ចេញ។ * ទឹកបាក់ទៅទាប ដីខ្ពស់កណ្តៀរពូន។ * ទឹកហូរមិនដែលហត់ ព្រះពុទ្ធមិនដែលខឹង។ * ទឹកហូរមិនដែលហត់ ប្រុសស្បថកុំឲ្យជឿ។ * ទឹកថ្លាលាងសក់ ទឹកល្អក់លាងជើង។ * ទុកចោលវាចាស់ ប្រើណាស់វាថ្មី។ * ទូកទៅ កំពុងនៅ។ * ទូកយើងវែង ទូកគេខ្លីតាមគេមេ្តចទាន់។ * ទូកដាច់យកទូកតាម។ * ទូកបែកជាទូកគត់ ទូកកំបុតជាទូកកង។ * ទាំងអ្នកមាននិងអ្នកក្រគឺជាកូនចៅនៃគំនិត។ * ទៅឥតគេរក មកឥតគេហៅ។ ធ * ធ្ងន់នៅថ្ម ក្រនៅក្តី។ * ធ្វើមិនបាច់ភ្ជួរ រក្សាតែមួរ ស៊ីស្រូវមិនអស់។ * ធ្វើគុណបានទោស ដូចប្រោះខ្លាស្លាប់។ * ធ្វើបាបមិនធ្វើបុណ្យ លែងជាតិទៅនៅនរក។ * ធ្វើស្រែទាន់ក្តៅដី ចង់ស្រីទាន់ក្តៅចិត្ត។ * ធ្វើស្រែនឹងទឹក ​ធ្វើសឹកនឹងបាយ។ * ធ្វើស្រែឲ្យមើលស្មៅ​ ទុកដាក់កូនចៅឲ្យមើលផៅសន្ដាន។ * ធ្វើល្អបានល្អ​ ធ្វើអាក្រក់បានអាក្រក់។ * ធ្វើចេះត្រូវគេប្រើ ធ្វើល្ងីល្ងើស្រណុកខ្លួន។ * ធ្វើការតិចចាយច្រើនចម្រើនក្រ។ * ធ្វើគុណ១០០ សំពៅទោស១ចូលទៅរលាយគុណអស់។ * ធុងទទេឮខ្លាំងណាស់។ * ធ្នូស្នាបង់បាញ់ ​ធម៌បង់ទន្ទេញ​​ ស្រ្ដីបង់ភស្ដា របាំបង់លេងវង្វេងតម្រាចាត់ក្នុងមលាមន្ទិលសៅហ្មង។ * ធំតែខ្លួន ដូចឃ្លោក។ ន * និយាយបាតដៃជាខ្នងដៃ។ * និយាយច្រើនគេមិនស្តាប់ អាប់ប្រាជ្ញា។ * និយាយបែកជាអូរ ហូរជាស្ទឹង។ * និយាយយប់ផ្ទប់ព្រៃ និយាយថៃ្ងព្រៃមានត្រចៀក។ * និរាសកុំមេ្ញញ ខឹងកុំទនេ្ទញ ស្អប់កុំព្យាបាទ។ * នឹងលេបវាស្លាក់ នឹងខ្ជាក់វាសែ្លង។ * នឹងឆីចង់ពិសា ខ្ជិលទំពាឲ្យម៉ដ្ឋហ្មង។ * នឿយណាយកុំដេក យកប្រពន្ធឲ្យមើលម្តាយកេ្មក ចូលដំណេកកុំនិយាយនឹងប្រពន្ធ។ * នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយជាមួយ។ * នៅពេលដែលបុគ្គលម្នាក់មានចរិតមិនច្បាស់លាស់ចំពោះអ្នក ត្រូវរកមិត្តផេ្សង។ ប * បង់ព្រះទៅសំពះឯបាយាប។ * បង់បោយមិនមើលប្រាណ ដាំជើងក្រានមិនប្រមាណឆ្នាំង។ * បន់ព្រះ សំពះទេព្តារ។ * បណ្ឌិតមានការមិនរករឿងជាកម្លាំង។ * បញ្ញើទុក ស្មើបំណុល។ * ប្រពន្ធពីរ គោបី ដំរីមួយ នាំឲ្យព្រួយចិត្ត។ * ប្រហែសបាត់ ប្រយ័ត្នគង់។ * ប្រមាថម្តាយ រំលាយព្រះ។ * ប្រមាថព្រៀងលាន តែងមានក្តីទុក្ខ។ * ប្រមាថចាស់ អាយុខ្លី។ * ប្រមាត់ដី អួតចង់ឡើងទ្រើង។ * ប្រញាប់ពេកដេកផ្លួវ។ * ប្រើខ្ញុំមើលមុខវា ទោះកាចជាមើលឲ្យសែ្តង។ * បាតដៃជាខ្នងដៃ។ * បានតែបាប មិនឆ្អាបមាត់។ * បានពីកែ្អក ចែកទៅតាវ៉ៅ។ * បានមាស ក្រអីនឹងក្រដាស់ខ្ចប់។ * បាបកម្មកុំបីមាន សីលនិងទានឲ្យរិះគិត។ * បា្រក់ក៏បង់​ ថង់ក៏ដាច់។ * ប្រាជ្ញាបុណ្យផងកើតដោយប្រតិបត្តិ។ * ប្រះដេកឆាប់លក់ ត្បិតឥតបើគិត។ * បុណ្យបាត់ដ្បិតបាប លាបបាត់ដ្បិតឃោរ។ * បុណ្យក៏ធ្វើ ​ឈើក៏កាប់។ * បុរសទុកដូចមាស ស្រីទុកដូចទង់ដែង។ * បួសដោយវត្ត ចិត្តដោយខ្លួន។ * បំណាច់នឹងបាប ឲ្យឆ្អាបមាត់។ * បើត្រាប់ឯតាំងយូ ក្រឯគ្រូពុំគួរត្រាប់។ * បើនឹងរស់ឲ្យគាប់ បើនឹងងាប់ឲ្យគួរ។ * បើមិនជួយចូកជួយចែវ កុំយកជើងរាទឹក។ * បើប្រឹងនឹងស្រួច បាច់អីសម្រួចដូចបន្លា។ * បើឆីកុំតាមឃ្លាន មើលប្រមាណគ្រប់គ្នីគ្នា។ * បើកាចៗឲ្យគេកោត បើឆោតៗឲ្យគេអាណិត។ * បើក្រទ្រព្យក៏ក្រចុះ កុំឲ្យតែទាល់គំនិត។ * បើខឹងឲ្យខំអត់ បើខ្សត់ឲ្យខំរក។ * បើត្រាប់សត្វក្ងោក កុំបីត្រាប់ពុតទន្សាយ។ * បើមិត្តមិនល្អ កុំយកជាមិត្ត។ * បើឮសូរផ្គរ កុំអាលចាក់ទឹកចោល។ * បើស្តីឲ្យពិនិត្យ ពាក្យណាពិតសឹងចរចា។ * បើកក្តោងទាន់ត្រូវខ្យល់។ ផ * ផឹកស្រាក្លាសំដី។ * ផ្ទុករទេះតាមចំណុះ។ * ផែ្លឈើមិនដែលជ្រុះឆ្ងាយពីគល់។ * ផ្លស់យស ព្រោះប្រមាថ។ * ផ្ទះធំស្រណុក ដ្បិតភរិយាជា។ * ផ្ទះបាក់បែក ឆាប់ទល់ទ្រ។ * ផោមក្នុងទឹកមេ្តចគង់ស្អុយ។ ព * ពងមាន់កុំផ្ញើនឹងកែ្អក។ * ពាក្យគ្រូរែងរឹង ស្រារែងស្រវឹង ពុំដែលពិសា។ * ពាក្យអប្រិយចាញ់អាត្មា។ * ពាក្យច្រើនភូត ចាញ់អាត្មា។ * ពាក្យសែ្លងកុំស្អប់ ពាក្យគាប់ឲ្យយក។ * ពាក្យម្តាយ ទំនាយគ្រូ។ * ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យយក។ * ពូជទានៅតែទា ពូជមាន់នៅតែមាន់។ * ពូកែឯង ឲ្យក្រែងពូកែគេ។ * ពួនតែមុខ គូថនៅកណ្តាលវាល។ * ពេលវេលាជាវត្ថុមានតមៃ្លបំផុតសម្រាប់មនុស្សម្នាក់ៗ។ * ពេជ្រកើតពីថ្ម តែងទំពាស៊ីថ្មវិញ។ * ព្នៅនៅថ្នក់ តម្ពក់នៅដៃ។ * ព្រះមិនសម ព្រហ្មមិនជួយ។ * ព្រះរាជាមាន ឥស្សរិយៈជាកម្លាំង។ ភ * ភ័ព្វសំណាងផ្តល់ឲ្យតែមនុស្សណាដែលចេះ លួង លោមវាប៉ុណ្ណោះ។ * ភរិយាល្អក្ររកបាន បើជាមានទុកធ្វើគំរូ។ * ភាពក្រីក្រនិងការមានទ្រព្យសម្បត្តិគឺជាពន្លកនៃគំនិត។ * ភូតនៅហោរ ចោរនៅជាង។ * ភ្លើងឆេះមកពីសម្រាម។ ម * មនុស្សពាលមានការរករឿងជាកម្លាំង។ * មនុស្សចេះគេថាកាច មនុស្សប្រាជ្ញគេថាព្រើល។ * មនុស្សកុំមើលងាយមនុស្ស។ * មនុស្សឆ្លាតគេថាឆោត មនុស្សប្រាជ្ញគេថាល្ងង់។ * មនុស្សកាចកុំប្រសព្វ កុំទៅគប់នឹងចោរក្មួញ។ * មនុស្សបាក់ត្រង់ណា ល្អិតស្មៅត្រង់ណោះ។ * មនុស្សស្លាប់ ព្រោះវាចា។ * មនុស្សជាគេថាឆោត មនុស្សស្លូតគេថាល្ងង់។ * មនុស្សនឹងបា្រក់​ យក្សនឹងសាច់។ * មនុស្សជាតិទាំងអស់ដែលកើតឡើងតាមធម្មជាតិតែងតែប្រាថ្នាចង់ដឹង។ * មានល្អព្រោះរោម រូបឆោមល្អព្រោះតែង។ * មានផ្ទះឥត​មនុស្សនៅ មានផ្លូវឥតមនុស្សដើរ។ * មានគំនិត ឥតកំណើត។ * មានដំបៅ​ទើបរុយវារោម។ * មាត់តែប្រកែក អម្រែកតែទទួល។ យ * យកពងមាន់ទៅផ្ញើនឹងក្អែក។ * យកសំផឹងធ្វើប្រពន្ធ យកប្រពន្ធធ្វើសំផឹង។ * យប់មើលនឹងដៃ ​ថ្ងៃមើលនឹងភ្នែក។ * យល់ទោសថាជាគុណ យល់ឯបុណ្យថាជាបាប។ * យើងធ្វើគេ គេធ្វើយើងវិញដូចគ្នា។ រ * រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក។ * រកស៊ីនិងក្តិត ដូចពឹងពាង។ * រកអុសប្រទះឈើងាប់។ * រស់ក៏គាប់ ងាប់ក៏គួរ។ * រស់នៅថាអាក្រក់ ស្លាប់បាត់មុខថាល្អ។ * រត់ឥតអំពើ ដើរអំណត់ចម្រើនជាង។ * រទេះបាក់មិនគិត ទៅគិតឯគោលួចដាំង។ * រទីសរទាស ដូចរាស្រ្តឥតសេ្តច។ * រលំមិនបាច់ច្រាន បានមិនបាច់ខំ។ * រហ័សតែពាក្យ ត្រគាកស្លាប់ស្តូក។ * រឿងដ៏កម្របំផុតដែលមនុស្សមិនដែលធ្វើ គឺត្រូវខំធ្វើតាមដែលអាចធ្វើទៅបាន។ * រៀនរិះរក្សាគ្រង យកចេញចាយដោយរដូវ។ * រោគរោមកាយា ថ្កើងឯគ្រូពេទ្យ។ ល * លាក់តែមុខ គូទនៅកណ្តាលវាល។ * លិចសឹមលោត ដល់កំប៉ូតសឹមតោង។ * លិចកញ្ជង់ លង់កញ្ជើ។ * លូកប្រហុក លូកឲ្យកប់ក្លៀក។ * លួចគេវាគ្រាន់ ដល់ពេលគេទាន់វាក្រែល។ * លួចគេវាធ្លាប់ដៃ ដេកថៃ្ងវាធ្លាប់ភែ្នក។ * លឺផ្គរឲ្យមើលខ្យល់ ក្តីពុំយល់កុំអាលក្រោធ។ * លឿន​លៃមិនទាន់។ * លេងក្មេងអាប់យស ​លេងពស់ៗខាំ។ * លេបទៅវាស្លាក់ ខ្ជាក់ទៅវាសែ្លង។ * លោភពេក វាបែកពោះ។ វ * វក់នឹងអាភៀន តែងញៀនជាប់។ * វេចសំពាយចាំព្រេងសំណាង អាងតែដុតធូប។ ស * ស្រលាញ់កុំទៅញឹក​ បើរលឹកសឹមទៅម្ដងៗ។ * សង្ឃផ្គង់វិន័យ ស្រីផ្គង់មារយាទ។ * សត្វតុកកែស្លាប់ ដោយសារប្រើស។ * សង់ផ្ទះតាមចិត្តអ្នកនៅ។ * សប្បាយមានទុក្ខ ស្រណុកមានភ័យ។ * សប្បុរសជនចង់ដឹងពីសេចក្តីត្រូវការមិនមែនចង់ដឹងពីមូលហេតុទេ។ * សព្វថៃ្ងនេះប្រភពធនធានធំបំផុតតែមួយគត់គឺនៅចន្លោះត្រចៀកអ្នក។ * សរសើរតែមាត់ ចិត្តផ្ទន្ទា។ * សាងល្អបានល្អ។ * សាងបាបបានបាប ​សាងបុណ្យបានបុណ្យ។ * សាបមួយដៃ ប្រៃមួយចឹប។ * ស្លាប់ដូចពស់ រស់ដូចកង្កែប។ * ស្ថិតសេ្ថរឥតអំពើ បើមិនធើ្វអំពើល្អ។ * សីលជាស្ពាន ទានជាស្បៀង។ * សូវទូលក្តីតបាវ កុំឲ្យទូលក្តីតកញ្ជើ។ * សេរីភាពគ្មានអ្វីក្រៅពីជួយឲ្យមនុស្សមានឱកាសល្អប្រសើរទេ។ * សំដីជាឯក លេខជាទោ អក្សរជាត្រី។ * ស៊ីនឹងអ្នកណា ត្រូវយកអាសាអ្នកនោះ។ * សែ្វងរករៀនច្បាប់ ពុំស្មើចិត្តជា។ ហ * ហាឡើងវាស្លាក់ ខ្ជាក់ទៅវាសែ្លង។ * ហាហួសចង្កា ថាហួសសេចក្តី។ * ហ៊ានសែ្បកដាច ខ្លាចសែ្បកស្វិត។ ឡ * ឡេះឡោះ ដូចទឹកកន្លះក្អម។ អ * អន្ទង់វែងឆ្នាំងវែង។ * អ្នកខ្ពស់រស្សាទាប ដោយសុភាពធម៌បុរាណ។ * អ្នកចេះដប់ មិនស្មើអ្នកប្រសប់មួយ។ * អ្នកដំកុំផ្ញើដែក អ្នកប្រមឹកកុំផ្ញើស្រា។ * អាងតែមានអណ្តាត ចេះតែផ្ទាត់ទៅ។ * អាងតែអណ្តាតឥតឆ្អឹង ចេះតែគ្រលាស់ទៅ។ * អាគកណា ក៏ស៊ីស្រូវដែរ។ ឥ
- -



ទិដ្ឋភាពវាលស្រែបៃតងខ្ចីនារដូវវស្សា បានបង្កើតជាទស្សនីយភាពដ៏ត្រជាក់ភ្នែក សម្រាប់យុវជន យុវនារីដែលបានចាកស្រុកកំណើតមកសិក្សា និងបំពេញការងារនៅទីក្រុង។ នារដូវបុណ្យភ្ជុំបិណ្ឌនេះ អ្នកដែលបានត្រឡប់ទៅស្រុកកំណើតវិញ ច្បាស់ជានឹកនា និងមិនឲ្យខកខានឱកាសគយគន់ទីវាលស្រែដ៏ស្រស់ស្អាតនោះឡើយ។ មិនត្រឹមតែបានឃើញទិដ្ឋភាពដ៏ត្រជាក់ភ្នែក នៃវាលស្រែដ៏ល្វឹងល្វើយនោះទេ ក្លិនស្រូវដ៏ក្រអូប សំឡេងកង្កែប និងក្អាត់យំលាន់រងំពេញស្រែ ធ្វើឲ្យពួកគេនឹកឃើញអនុស្សាវរីយរាប់មិនអស់ពីកុមារភាពរបស់ខ្លួន។

នៅប្រទេសកម្ពុជាមានរដូវធំៗពីរ គឺរដូវប្រាំង និងរដូវវស្សា ។

ក. រដូវប្រាំង   
                 
រដូវប្រាំង មានរយៈពេល៦ខែ ចាប់ពីខែវិច្ឆិកា រហូតដល់ខែមេសា ។ នៅរដូវនេះខ្យល់បក់កាត់ប្រទេសកម្ពុជាពីទិសអីសានទៅនិរតី  គឺពីមណ្ឌលសម្ពាធខ្លាំងស៊ីបេរី ឆ្ពោះទៅមណ្ឌលសម្ពាធខ្សោយនៅមហាសមុទ្រឥណ្ឌា ។ របបខ្យល់នេះ ខ្សត់ទឹកភ្លៀងដែលគេឲ្យឈ្មោះថា រដូវស្ងួត ប៉ុន្តែគេឃើញមានភ្លៀងកក់ខែខ្លះៗដែរនៅខែមករានិងខែធ្នូ ដែលជាការលំបាកដល់កសិករក្នុងពេលប្រមូលផល ។ គេបែងចែករដូវពីរទៀត គឺរដូវរងា ( រដូវរំហើយ ) និងរដូវក្តៅ ។

រដូវរងា ចាប់ពីខែវិច្ឆិកាដល់ខែ មករារយៈពេល៣ខែ ។ នៅរដូវនេះ គេសង្កេតឃើញសីតុណ្ហភាពត្រជាក់ធ្លាក់ចុះរហូតដល់ ១៤ អង្សាសេ នៅខែមករា ។

រដូវក្តៅ នៅចុងរដូវប្រាំង ចាប់ពីខែកុម្ភៈដល់ខែមេសា មានរយៈពេល៣ខែដែរ ។ គេសង្កេតឃើញសីតុណ្ហភាពក្តងៅនៅខែមេសាឡើងរហូតឲ្យមានអគ្គីភ័យកើតឡើកងនិងបញ្ហាផ្សេងៗជាច្រើនទៀត ។

ខ. រដូវវស្សា

រដូវវស្សា មានរយៈពេល៦ខែ ចាប់ពីខែឧសភា រហូតដល់ខែតុលា ។ ខ្យល់មូសុង បក់ឆ្លងកាត់ប្រទេសកម្ពុជាទិសនិរតីទៅទិសអីសាន គឺពីមណ្ឌលសម្ពាធខ្លាំងមហាសមុទ្រឥណ្ឌា ឆ្ពោះទៅមណ្ឌលសម្ពាធខ្សោយតំបន់ស៊ីបេរី ។ នៅរដូវនេះ ប្រទេសយើងទទួលទឹកភ្លៀងលើសពី  ១ម៉ែត្រ ក្នុងមួយឆ្នាំៗនៅស្ទើរគ្រប់ទីកន្លែង ។ ខែដែលមានទឺកភ្លៀងខ្ពស់ជាងគេ គឺខែតុលា កម្ពស់ទឹកភ្លៀងរហូតដល់​ 252mm និងខែដែលខ្សត់ទឹកភ្លៀង គឺខែកក្កដា កម្ពស់ទឹកភ្លៀងត្រឹមតែ 164mm ។ ក្នុរដូវវស្សានេះមានកូនរដូវប្រាំងមួយដែលមានរយៈពេល ១៥ថ្ងៃ ចាប់ពីចុងខែកក្កដារហូតដល់ដើមខែសីហា ។ នៅក្នុងកូនរដូវ់នេះ គេតែងជួបប្រទះគ្រោះរាំងស្ងួត ។

 រៀនដើម្បីធ្វើស្រែ ដោយ ចិត្តដែក

ផ្ញើសារមកកាន់យើងខ្ញុំ